រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯកគោជល់វគ្គ៥ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ីនាថ្ងៃសៅរ៍ ទី២ កក្កដា ខានស្អែកនេះបានឈានចូលដល់សប្ដាហ៍ទី២ហើយ ។
វី សេរីចាន់ឌីន មកពីក្លិបខ្លារខិនមានរិទ្ធនឹងជួបប្រកួតជាមួយកីឡាករថៃឈ្មោះDarki Sor Viravan រីឯ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធ ជួបប្រកួតជាមួយកីឡាករឡាវឈ្មោះ Chanchai ។ គេនៅចាំបានថា កាលពីសប្ដាហ៍ទី១កីឡាករកម្ពុជា២រូបគឺកន ចន្ថា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ និងមាជ សុខរ៉ា មកពីក្លិបតាព្រហ្មមានជ័យ ជាអ្នករកបាន៣ពិន្ទុមុនគេ ។ នៅសប្ដាហ៍នេះគេមិនទាន់ដឹងថា កីឡាករកម្ពុជាទាំង២រូបនេះ មានឱកាសរកបាន៣ពិន្ទុដូចអ្នកមុន ឬអត់នោះទេ ។
រវាង វី សេរីចាន់ឌីន និងកីឡាករថៃមានប្រវត្តិប្រកួតមិនលើសគ្នាប៉ុន្មានទេ ។ កីឡាករកម្ពុជារូបនេះ ធ្លាប់ប្រកួតបាន៦០ដង ឈ្នះ៤៨ដង ចាញ់៩ដង ស្មើ៣ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនបាន១៥ដង ។ ចំណែកកីឡាករថៃវិញ ធ្លាប់ប្រកួតបាន៨៣ដង ឈ្នះ៦២ដង ចាញ់១៦ដង ស្មើ៥ដង ។ មួយរយៈមកនេះ វី សេរីចាន់ឌីន មិនដែលឃើញឡើងសង្វៀនប្រកួតទេ ខណៈកីឡាករថៃក៏មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរ ។ ដូច្នេះ គូនេះមិនអាចទាយទុកមុនថា អ្នកណាខ្លាំងជាងអ្នកណាទេ ប៉ុន្តែគេមានជំនឿចិត្តលើ វី សេរីចាន់ឌីន ថាអាចស្វែងរកបាន៣ពិន្ទុជាលើកដំបូង ។
ចំណែកការជួបគ្នារវាង អ៊ុំ ចំរើន និងកីឡាករឡាវវិញនោះ ក៏គ្មានអ្នកណាហ៊ានទាយទុកមុនពីលទ្ធផលចុងក្រោយដែរ ។ ប៉ុន្តែបើពិនិត្យទៅលើប្រវត្តិប្រកួត គូនេះអាចស៊ីសងគ្នាបាន ។ អ៊ុំ ចំរើន ធ្លាប់ប្រកួតបាន៨៤ដង ឈ្នះ៧៣ដង ចាញ់៩ដង ស្មើ២ដង និងធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់បានរហូតដល់ទៅ១៩ដង ។ រីឯកីឡាករឡាវធ្លាប់ប្រកួតបាន៨៦ដង ឈ្នះ៧០ដង ចាញ់១៥ដង និងស្មើ៥ដង ។ ចាំមើលអ៊ុំ ចំរើន អាចយកឈ្នះគូប្រកួតបានដោយរបៀបណា?
ចំណែកគូប្រកួតមិត្តភាពធម្មតាវិញតម្រូវទៅលើកីឡាករ ផន ភឿត មកពីក្លិបឃ្លាំងមឿងកីឡា ប្រកួតជាមួយកីឡាករ ពុទ្ធ សុជាតិ មកពីក្លិបពុទ្ធសេរីវង្សព្រែកតាទែន និងកីឡាករ ផាន់ សារុន ក្លិបគជសារកីឡា ប្រកួតជាមួយកីឡាករ ទេស ឧត្ដម មកពីក្លិបកងពលតូចលេខ៧០ ។
0 comments: