ក្នុងពិធីប្រគល់ញត្តិថ្កោលទោសជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៨ មិថុនា នៅទីស្ដីការក្រសួង តារាចម្រៀងនាង វ៉ាន់ នីឡា បានអះអាងថានាងនឹងធ្វើការបើកមុខអនាមិកអោយមហាជនបានដឹងជាសាធារណៈក្នុងពេលដ៏ខ្លី។ យ៉ាងណាក៏ដោយ នាងមិនទាន់កំណត់ពេលវេលាក្នុងការលាតត្រដាងនៅឡើយទេ ដោយសារតែខាងសមត្ថកិច្ចទទូចកុំទាន់អោយនាងបញ្ជាក់អ្វីច្រើននាំខុសនឹងនិតិវិធី។
វ៉ាន់ នីឡា និយាយថាជនអនាមិកដែលបានបង្ហោះរូបអាក្រាតរបស់នាងមិនមែនត្រឹមតែនាងស្គាល់មុខនោះទេ គឺសូម្បីតែសមត្ថកិច្ចក៏កំណត់មុខសញ្ញាបានដូចគ្នាផងដែរ ក្រោយពីដាក់ពាក្យបណ្ដឹង។ នាងថាមិនខ្លាចក្នុងការបង្ហាញមុខរបស់ជនអនាមិកនោះទេ ប៉ុន្តែនាងចង់ទុកអោយខាងសមត្ថបន្តកិច្ចការអោយចប់សព្វគ្រប់ទើបនាងសុំចិត្តពន្យារពេលសិន។ នាងថាជនដែលបានបង្ហោះរូបនាងមិនមានអ្វីដែលត្រូវបិទបាំងនិងបន្តលាក់មុខដើម្បីរក្សាកិត្តិយសទុកអោយនោះទេ បើទោះជាជនម្នាក់នោះចេញមុខទទួលខុសត្រូវចំពោះអ្វីដែលគេបានធ្វើមកលើនាង។ នាងថាខ្លួនមានភស្ដុតាងនិងខ្សែសំឡេងពាក់ព័ន្ធនឹងជនអនាមិកគ្រប់យ៉ាង ដោយក្នុងបណ្ដឹងដែលនាងដាក់ប្ដឹង គឺនាងបានដាក់ឈ្មោះជនម្នាក់នោះនិងភ្ជាប់ភស្ដុតាងអោយខាងសមត្ថកិច្ចដើម្បីដាក់បន្ទុកដោយមិនលាក់លៀមនោះទេ។ នាងបញ្ជាក់ថានាងនឹងត្រៀមលាតត្រដាងពីជនអនាមិកនោះ ដោយបានប្រកាសថានឹងធ្វើអោយគេរងការអាម៉ាសជាសាធារណៈដូចគ្នានឹងអ្វីដែលនាងបានទទួល។
0 comments: