ចៅក្រមសាលាដំបូងខេត្តកោះកុង សម្រេចផ្ដន្ទាទោសសកម្មជនការពារបរិស្ថាន នៃអង្គការចលនាមាតាធម្មជាតិ ៣នាក់ គឺលោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង ១ឆ្នាំ ៦ខែ និងសងជំងឺចិត្តទៅដើមបណ្ដឹង ចំនួន១០០លានរៀល ប៉ុន្តែអនុវត្តទោស១០ខែ ១៥ថ្ងៃ តាមមាត្រា១០៤ នៃក្រមព្រហ្មទណ្ឌ។
មេធាវីការពារក្ដីឲ្យសកម្មជនការពារបរិស្ថានទាំង៣ គឺអ្នកស្រី សាម សុគន្ធ ថា អ្នកស្រីនឹងបំពេញបែបបទទៅពន្ធនាគារ ដើម្បីឲ្យអ្នកទាំង៣ បានចេញមកក្រៅវិញ នៅថ្ងៃទី១ កក្កដា នេះ។
យ៉ាងណាក៏ដោយសកម្មជនការពារបរិស្ថានទាំង៣នាក់ គឺត្រូវបានតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនជិត១ឆ្នាំហើយពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែសាលក្រមពេលនេះ ចៅក្រមសម្រេចប្ដូរបទចោទ ទៅជាបទចោទផ្ដើមគំនិតថា នឹងធ្វើឲ្យខូចខាតដោយភ្ជាប់នឹងបញ្ជាអ្វីមួយ តាមមាត្រា ២៨ នៃក្រមព្រហ្មទណ្ឌវិញ។
0 comments: